Register Already an agent ? Login

ឯកអគ្គរាជទូតកាតា បេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ ឯកអគ្គរាជទូតកាតា បេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះ សម្របសម្រួល និងជំរុញវិនិយោគិនរបស់ប្រទេសកាតាឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។

 តាមការ បេ្តជ្ញាចិត្តជំរុញទំនាក់ទំនងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃប្រទេសកាតាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

លោក Khalid Ali Abdullah Abel បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខពីឯក នាយករដ្ឋមន្រ្តីកាតា ជូនចំពោះសម្តេចធិបតី និងប្រជាជនកម្ពុជាផងដែរ។

លោក ក៏បានគោរពជម្រាបជូនសម្តេចធិបតី ថា ក្នុងអាណត្តិការទូតនៅកម្ពុជា នឹងប្តេជ្ញាជំរុញនិងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។ ជាមួយគ្នានេះ សម្របសម្រួល និងជំរុញវិនិយោគិនរបស់ប្រទេសកាតាឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម។

សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក Khalid Ali Abdullah Abel និងគណៈប្រតិភូ ព្រមទាំងបានសម្តែងនូវការអបអរសាទរជូនចំពោះលោក Khalid Ali ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូត ប្រចាំកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ លោក Khalid Ali ក្នុងការជំរុញក៏ដូចជាពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាតាឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។ សម្តេចធិបតី បានគូសបញ្ជាក់ផងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកចំហ ស្វាគមន៍ និងគាំទ្រក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានជំនួបធុរកិច្ចរវាងបណ្តាក្រុមហ៊ុននៃប្រទេសកាតា ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងលើកទឹកចិត្តឱ្យឯកអគ្គរាជទូត ដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងនេះឱ្យកាន់តែប្រសើរឡើង។

បើតាមជំនួបនេះ បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តជំរុញ និងលើកកម្ពស់នូវទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវ:៕

ដោយ៖ មឿន ឌីណា (Moeun Dyna)