Register Already an agent ? Login

កម្ពុជា ជាប្រទេសឈានមុខគេអនុវត្ត eTrade Readiness Assessment សម្រេចបាននូវអត្រាខ្ពស់ប្រមាណ៩២%

សហព័ន្ធស្វីស៖ កម្ពុជាជាប្រទេសឈានមុខគេក្នុងការអនុវត្ត eTrade Readiness Assessment ដោយសម្រេចបាននូវអត្រាអនុវត្តខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ៩២%។ ជាការលើកឡើង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ការលើកឡើងខាងលើ លោកស្រី ចម និម្មល បានចូលរួមកិច្ចប្រជុំលើកទី៧ ស្តីពី “UNCTAD Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy” នារសៀលទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។

លោកស្រី បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទស្តីពី “ការដោះស្រាយបញ្ហាប្រឈមសម្រាប់ការត្រៀមលក្ខណៈឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

លោក ស្រី បានលើកឡើងបន្តថា ក្រសួងពាណិជ្ជកម្មកម្ពុជា បានអនុវត្ត eTrade Readiness Assessment ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូហ្ស៊ីនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

កម្ពុជា ប្តេជ្ញាចិត្តក្នុងការពង្រួមគម្លាតឌីជីថល និងជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនេះ និងបានយល់ពីសារៈសំខាន់នៃសហគ្រាសមីក្រូ ធុនតូច និងមធ្យម ព្រមទាំងបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធានានូវកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម ឱ្យកាន់តែច្រើនឡើង និងអាចទទួលបាននូវសេវាសាធារណៈ និងធានាបាននូវហិរញ្ញប្បទានដែលពួកគេត្រូវការដើម្បីបន្តភាពរីកចម្រើនបន្ថែមទៀត។ ជាការបន្ថែម លោកស្រី ចម និម្មល៕